សរីរាង្គដ៏សំខាន់ដែលយើងមិនចាប់អារម្មណ៍៖ ហេតុអ្វី​បាន​ជា​សុខភាព​តម្រងនោម​សំខាន់?

តម្រងនោមដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពទូទៅ ប៉ុន្តែជារឿយៗសរីរាង្គនេះត្រូវបានបិទបាំងដោយសរីរាង្គផ្សេងទៀតដែលលេចធ្លោជាង។ សរីរាង្គដែលមានរាងដូចគ្រាប់សណ្តែកនេះមាន ទីតាំងនៅខាងក្រោមទ្រនុងឆ្អឹងជំនី និងធ្វើការដើម្បីច្រោះកាកសំណល់ និងសារធាតុរាវដែលលើស ចេញពីឈាម និងបញ្ចេញចោលទៅតាមទឹកនោម។ ប៉ុន្តែ​មុខងារ​តម្រងនោម គឺលើស​ពី​ការគ្រាន់តែបញ្ចេញកាកសំណល់​។ តម្រងនោមជួយគ្រប់គ្រងសម្ពាធឈាម ផលិតកោសិកាឈាមក្រហម និង រក្សាសុខភាពឆ្អឹងឱ្យល្អប្រសើរផងដែរ។ អ្វីដែលកាន់តែពិសេសនោះ តម្រងនោមគឺជាសរីរាង្គដ៏អស្ចារ្យនៅក្នុងប្រព័ន្ធរាងកាយដែលមនុស្សភាគច្រើនតែងតែមើលរំលង។

សារៈសំខាន់នៃតម្រងនោមរបស់យើងមានន័យថា ជំងឺ ស្ថានភាព ឬរោគនានាដែលប៉ះពាល់ដល់ សរីរាង្គនេះ អាចបង្កឱ្យមានផលប៉ះពាល់ខ្លាំងលើសុខភាពទូទៅរបស់យើងទាំងអស់គ្នា។  យើងសូម រៀបរាប់ពីស្ថានភាពតម្រងនោមទូទៅមួយចំនួន ដែលជាសញ្ញាព្រមានអំពីបញ្ហាតម្រងនោម និងការ ណែនាំមួយចំនួនអំពីរបៀបថែរក្សាសុខភាពតម្រងនោមឱ្យបានល្អប្រសើរ។ សូមស្វែងយល់បន្ថែមនៅខាងក្រោម ហើយប្រសិនបើលោកអ្នកមានការព្រួយបារម្ភណាមួយអំពីបញ្ហាសុខភាពរបស់អ្នក អ្នកត្រូវស្វែងរកជំនួយពីអ្នកជំនាញវេជ្ជសាស្ត្រឱ្យបានទាន់ពេលវេលា។

លក្ខខណ្ឌដែលប៉ះពាល់ដល់តម្រងនោម

មានលក្ខខណ្ឌជាច្រើនដែលអាចប៉ះពាល់ដល់សុខភាពតម្រងនោម។ ខាងក្រោមគឺជាលក្ខខណ្ឌទូទៅមួយចំនួន៖

  • ជំងឺតម្រងនោមរ៉ាំរ៉ៃ (CKD)៖ ជាការថមថយសមត្ថភាពរបស់មុខងារតម្រងនោមដែលវិវឌ្ឍន៍បន្តិចម្ដងៗ។ ជារឿយៗ ស្ថានភាពនេះបណ្ដាលមកពីការមានជំងឺទឹកនោមផ្អែមជំងឺលើស​សម្ពាធឈាម ឬជំងឺ Glomerulonephritis (ការរលាកតម្រងនោម)។
  • របួសតម្រងនោមស្រួចស្រាវ (AKI)៖ ជាការថយធ្លាក់ចុះភ្លាមៗនៃមុខងារតម្រងនោមដែល អាចបណ្តាលមកពីការឆ្លងមេរោគ របួស ឬការព្យាបាលដោយឱសថមួយចំនួន។ ទោះបីជាមានករណីដែលអាចបញ្ច្រាស់គ្នាបានក្ដី AKI អាចវិវឌ្ឍន៍ទៅជា CKD ប្រសិនបើមិនបានទទួលការព្យាបាលឱ្យទាន់ពេលវេលា។
  • បញ្ហាគ្រួសក្នុងតម្រងនោម៖ កំណករឹងដែលកកើតនៅក្នុងតម្រងនោម ហើយអាចបណ្តាល​ឱ្យមានការឈឺចាប់ខ្លាំងនៅពេលដែលវាឆ្លងកាត់ផ្លូវទឹកនោម។
  • ការឆ្លងមេរោគផ្លូវទឹកនោម (UTIs)៖ ទោះបីជាមេរោគនេះប៉ះពាល់ដល់ប្លោកនោមជាខ្លាំងក្ដី ប៉ុន្តែ UTIs អាចរីករាលដាលដល់តម្រងនោម ដែលបង្កជាជំងឺរលាកតម្រងនោម (pyelonephritis) ដែលជាការឆ្លងមេរោគតម្រងនោម។

សញ្ញាព្រមាននៃបញ្ហាតម្រងនោម

ដោយសារធម្មជាតិរបស់តម្រងនោមមានលក្ខណៈស្ងាត់ស្ងៀម  ជាការសំខាន់ណាស់ដែលយើងត្រូវដឹងពីសញ្ញាដំបូងនៃបញ្ហា។ សញ្ញាព្រមានទូទៅរួមមាន៖

  • ឈឺក្បាលរ៉ាំរ៉ៃ
  • ហើមដៃ ជើង ឬកជើង
  • អស់កម្លាំង និងខ្សោយ
  • ដង្ហើមខ្លី
  • បាត់បង់ចំណង់អាហារ
  • ចង្អោរ និងក្អួត
  • ការផ្លាស់ប្តូរទម្លាប់នៃការនោម (នោមញឹក ឈឺចាប់ ឬនោមមានឈាម)
  • ស្បែកស្ងួត រមាស់

តើពេលណាត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត?

ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ អ្នកចាំបាច់ត្រូវធ្វើការពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខ ភាព។ ការរកឃើញ និងអន្តរាគមន៍ទាន់ពេល អាចធ្វើឱ្យលទ្ធផលកាន់តែប្រសើរឡើង។ យើងក៏សូមណែនាំឱ្យអ្នកធ្វើការពិនិត្យសុខភាពជាទៀងទាត់ផងដែរ សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ឬអ្នកដែលគ្រួសារមានមានប្រវត្តិកើតជំងឺតម្រងនោម។

ការថែរក្សាសុខភាពតម្រងនោមឱ្យបានល្អ

ការការពារតម្រងនោមរបស់អ្នក រួមមានការផ្លាស់ប្តូររបៀបរស់នៅ និងវិធានការបង្ការ៖

  • គ្រប់គ្រងសម្ពាធឈាម និងជាតិស្ករក្នុងឈាម៖ ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម គឺជាមូលហេតុនាំមុខគេដែលធ្វើ​ឱ្យតម្រងនោមខូច។ ការត្រួតពិនិត្យជាប្រចាំ និងការអនុវត្តតាមការព្យាបាលជាប់លាប់គឺមានសារៈសំខាន់ណាស់។
  • រក្សាទម្ងន់ស្ដង់ដារ៖ ការលើសទម្ងន់បង្កើនហានិភ័យនៃការកើតជំងឺតម្រងនោម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី 2។
  • ហាត់ប្រាណប្រចាំ៖ សកម្មភាពរាងកាយជួយគ្រប់គ្រងសម្ពាធឈាម ទម្ងន់ និងកម្រិតជាតិ ស្ករក្នុងឈាម។
  • កម្រិតការទទួលទានជាតិប្រៃ៖ ជាតិសូដ្យូមច្រើនពេកអាចធ្វើឱ្យសម្ពាធឈាមកើនឡើង និងធ្វើ ឱ្យតម្រងនោមចុះខ្សោយ។
  • រក្សាតុល្យភាពជាតិទឹកក្នុងខ្លួន៖ ញ៉ាំទឹកឱ្យច្រើនអាចជួយបណ្តេញជាតិពុល និងការពារការ ខ្សោះជាតិទឹកក្នុងខ្លួន។
  • កុំជក់បារី៖ ការជក់បារីបំផ្លាញសរសៃឈាម រួមទាំងសរសៃឈាមតម្រងនោមផងដែរ។
  • ការពិនិត្យសុខភាពជាប្រចាំ៖ ការធ្វើតេស្តឈាម និងទឹកនោមជាប្រចាំអាចរកឃើញសញ្ញាដំបូង នៃបញ្ហាតម្រងនោម។

នៅពេលដែលបានយល់ដឹងអំពីសារៈសំខាន់នៃសុខភាពតម្រងនោម និងការប្រើប្រាស់វិធានការបង្ការ អ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោមបានច្រើន និងអាចរីករាយនឹងគុណភាពជីវិតទាំងមូល កាន់តែប្រសើរឡើង។ សូមចងចាំថា តម្រងនោមរបស់អ្នកធ្វើការដោយមិនចេះនឿយហត់ដើម្បីអ្នក ដូច្នេះគួរតែដល់ពេលដែលអ្នកត្រូវធ្វើរឿងរ៉ាវមួយចំនួនដើម្បីតបស្នងសរីរាង្គដ៏ពិសេសនេះវិញ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *